ក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ស្នើយុវជន ឃុំពុកឫស្សី ប្រកាន់ខ្ជាប់គោលការណ៍របស់គណបក្ស និងពង្រឹងឯកភាពផ្ទៃក្នុង
កណ្តាល ៖ លោក ប៉ិច សានី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាតំណាង លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្នើយុវជនឃុំពុកឫស្សី ឱ្យប្រកាន់ខ្ជាប់ នូវគោលការណ៍របស់គណបក្ស ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងបន្តថែរក្សាសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល ។

ការស្នេីឡើងរបស់លោក ប៉ិច សានី នេះធ្វើឡើងក្នុងពេលបន្តអញ្ជេីញជាអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជន គណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ។
ពិធីនេះផងដែរមានការអញ្ជេីញចូលរួមផ្តល់ចំណាប់អារម្មណ៍ពីលោក ឱម ម៉ាក់ធារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ព្រមទាំងមានប្រសាសន៍សំណេះសំណាល បើក និងបិទកម្មវិធី ដោយលោក មាស សុខសេនសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី។

ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារយុវជនគណបក្សស្រុក និងឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្ស ដែលជាអង្គបោះឆ្នោត សរុបជាង ៣២០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ប៉ិច សានី បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំកម្មវិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យ។

លោក បានគូសបញ្ជាក់ថា ការបោះឆ្នោតនាពេលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការអនុវត្តគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ លទ្ធិប្រជាធិបតេយ្យរបស់គណបក្ស មិនមែនគ្រាន់តែជាការលើកឡើងក្នុងពេលឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែង ដែលផ្តល់ឱកាសឱ្យសមាជិកគណបក្សមានសិទ្ធិជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព គុណភាព និងឆន្ទៈពិតប្រាកដ ក្នុងការបម្រើគណបក្ស និងប្រជាពលរដ្ឋ។
លោក បានផ្តាំផ្ញើដល់យុវជនដែលត្រូវបានជ្រើសរើសជាថ្នាក់ដឹកនាំថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស គោរពស្មារតីសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រាល់ការសម្រេចចិត្តត្រូវផ្អែកលើមតិភាគច្រើន និងការពិភាក្សារួម ហើយសមាជិកម្នាក់ៗត្រូវទទួលខុសត្រូវចំពោះភារកិច្ចដែលគណបក្សប្រគល់ជូន។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យយុវជនទាំងអស់បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។ ទោះជាលទ្ធផលនៃការបោះឆ្នោតថ្ងៃនេះទៅជាយ៉ាងណាក៏ដោយ យុវជនទាំងអស់ត្រូវចាត់ទុកខ្លួនឯងជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា មានគោលដៅរួមតែមួយ គឺបម្រើប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសមិទ្ធផលនានាដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក ឱម ម៉ាក់ធារិទ្ធ បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងដំណើរការបោះឆ្នោត ដោយចាត់ទុកថា នេះជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមខ្លួនរបស់យុវជនក្នុងការទទួលខុសត្រូវលើការងារគណបក្សនាពេលអនាគត។
ក្នុងមតិសំណេះសំណាល លោក មាស សុខសេនសាន បានក្រើនរំលឹកដល់យុវជនទាំងអស់ឱ្យបន្តរក្សាសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាពេលនេះ មានបេក្ខជនឈរឈ្មោះចំនួន ១១រូប រួមមាន លោកស្រី កឹម សុវណ្ណរី, លោក ថេន សុវិថាល់, លោកស្រី ថៃ ដាវីន, លោក ទូច រស្មី, លោកស្រី ប៊ុន ចាន់នី, លោក ផន វិសាល, លោកស្រី លឹម លីលី, លោក ស៊ូ មង្គលបូរី, លោកស្រី ស្រេង កញ្ញា, លោក សំណាង ប្រភព និងលោក អឿន សេងហុង។ ក្នុងចំណោមបេក្ខជនទាំង ១១រូបនេះ អង្គបោះឆ្នោតបានជ្រើសរើសបេក្ខជនចំនួន ៥រូប ដើម្បីបំពេញតួនាទីជាថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំពុកឫស្សី៕
