លោក ឃួន ផុនរតនៈ គាំទ្រគម្រោង ODA របស់កូរ៉េនៅកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានបង្ហាញការគាំទ្រចំពោះអត្ថប្រយោជន៍នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់កូរ៉េនៅកម្ពុជាដែលផ្តោតលើការកែច្នៃចំណីអាហារ។
ការបង្ហាញការគាំទ្ររបស់លោកឃួន ផុនរតនៈនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោក ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងលោក KIM Young Chan នាយកវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េចូលជួបសម្តែងការគួរសម ។

ដោយក្នុងឱកាសនោះ លោក KIM Young Chan បានឆ្លៀតឱកាសស្នើសុំស្ថានទូតបន្តការគាំទ្រ និងជួយផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្ថប្រយោជន៍នៃគម្រោង ODA របស់កូរ៉េនៅកម្ពុជា ពិសេសគម្រោងកែច្នៃចំណីអាហារ។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតបានវាយតម្លៃជាវិជ្ជមាន និងសម្តែងការគាំទ្រចំពោះគម្រោងជំនួយនានារបស់កូរ៉េ ជាពិសេសគម្រោងកែច្នៃចំណីអាហារនេះ ព្រោះជាប្រភេទគម្រោងដែលប្រទេសកម្ពុជាកំពុងត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន។

ឃួន ផុនរតនៈ ក៏បានប្តេជ្ញាចិត្តក្នុងការជួយផ្សព្វផ្សាយអំពីសមិទ្ធិផលគម្រោង ODA របស់កូរ៉េ ដល់ដៃគូជំនួបនានា នាពេលខាងមុខផងដែរ ។ លើសពីនេះ លោកទូតក៏បានបញ្ជាក់ថា កម្ពុជាគួរត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនិន្នាការពីគម្រោងលក្ខណៈប្រពៃណី ទៅជាគម្រោងបែបបច្ចេកវិទ្យាទំនើប ដែលកំពុងមានតម្រូវការខ្លាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ច្រើនជាងគេពីកូរ៉េក្នុងឆ្នាំ២០២៥ ក្នុងចំណោមប្រទេសជាដៃគូទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ សរុបចំនួន៩២ប្រទេសពីសាធារណរដ្ឋកូរ៉េ ដែលនេះជាសញ្ញាណដ៏សំខាន់នៃទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ជំនួយអភិវឌ្ឍន៍ផ្លូវការនេះ មានគោលបំណងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរបស់កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតប្រជាជន៕



