ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោល យេនឌ័ររបស់ក្រសួង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារ យេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និងជនបង្គោលយេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom ផងដែរ។

លោកស្រី ស៊ើង សរសុចិត្តា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី២២-២៤ ខែមិថុនានេះ មានគោលបំណងបន្តពង្រឹងចំណេះដឹង និងជំនាញរបស់ជនបង្គោលយេនឌ័រ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ការកាត់បន្ថយការរើសអើងគ្រប់ទម្រង់ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពជន បង្គោលយេនឌ័រ គឺជាកិច្ចការចាំបាច់សម្រាប់ជំរុញការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត និងធានាឱ្យមានការអនុវត្ត គោលនយោបាយពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សិក្ខាកាមក៏ទទួលបានចំណេះដឹងបន្ថែមលើអនុសាសន៍គន្លឹះ ១២ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៦ចំណុចរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងជំនាញភាពជាអ្នកដឹកនាំ ការនិយាយប្រកបដោយឥទ្ធិពល ការចរចា ការសម្របសម្រួល ការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ យេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងច្បាប់ និងគោលនយោបាយជាតិពាក់ព័ន្ធ។ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ ១២ចំណុចរបស់សម្តេចធិបតី និងអនុសាសន៍ ៦ចំណុច របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយតម្រូវឱ្យគ្រប់អង្គភាពក្រោមឱវាទចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។

ដើម្បីបន្តជំរុញការងារយេនឌ័រនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមការងារយេនឌ័រ និងអង្គភាពពាក់ព័ន្ធ រួមមាន ការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិពាក់ព័ន្ធ ការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ការផ្សព្វផ្សាយ និងអប់រំអំពីសមភាពយេនឌ័រ ការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី និងការបង្កើនការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារគ្រប់ទម្រង់។

ជាមួយគ្នានេះ លោកស្រីបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ សំដៅកសាងសង្គមកម្ពុជា ប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន និងចីរភាព ឆ្ពោះទៅសម្រេចមហិច្ឆតា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះដែរ លោកស្រី ស៊ើង សរសុចិត្តា ក៏បានថ្លែងអំណរគុណចំពោះក្រសួងកិច្ចការនារី ដែលបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការជំរុញការលើកកម្ពស់ស្ថានភាព និងតួនាទីស្ត្រីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោកស្រីបានប្រកាសបើកជាផ្លូវការវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្រោមឱវាទក្រសួង» និងជូនពរសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងការបំពេញភារកិច្ចការងារ៕










