សម្តេចធិបតី បន្តលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ផលិតផលស៊ីម៉ងត៍ក្នុងស្រុក ២ឆ្នាំបន្ថែម
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ ក្នុងស្រុក រយៈពេល ២ ឆ្នាំបន្ថែមទៀត ។
ការប្រកាសលើកលែងពន្ធ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម បានលើកឡើងអំពីការងារ និងប្រតិបត្តិការអាជីវកម្ម របស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះបណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាន និងកំពុងបោះទុន វិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍ សរុបបានប្រមាណ ១២លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារ សម្រាប់បុគ្គលិក និងកម្មករ សរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។


អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា សមាជិកសមាគម ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុក សរុបពី ៨ ទៅ ៩លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាន នូវភាពប្រកួតប្រជែងរបស់សមាគម ។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគម ក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។

ក្នុងឱកាសនេះដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យ របស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សម្តេច ធិបតី ក៏បាន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បន្តផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាល ធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន , រោងចក្រ និង សហគ្រាសឯកជន ថា ដេីម្បី ធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ចំពោះផលិតផលរបស់ខ្លួន , អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការធានាបាន នូវគុណភាពល្អ ជាមួយតម្លៃសមរម្យ។

ជាមួយគ្នានេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
មុននឹងបញ្ចប់ សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាល នឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕

