Feature

ក្រុម AOT ចុះសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទីតាំងនេះគឺជាទីតាំងត្រូវបានទទួលរង ការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ​ កាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ព្រមទាំងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការណ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបី នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ របស់កម្ពុជាអាចវិលត្រលប់ ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រ យ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណង ក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត៕

To Top