Feature

លទ្ធផលស្រាវជ្រាវ ចេញផ្សាយឆ្នាំ២០២៦ របស់WB និងដៃគូអភិវឌ្ឍន៍ បង្ហាញថា ប្រពន្ធ័សុខាភិបាលកម្ពុជារឹងមាំ

ភ្នំពេញ ៖ លទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក (The World Bank) ជាមួយដៃគូអភិវឌ្ឍន៍ Australian Aid European Union & Global Financing Facility រកឃើញថា ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រឹងមាំមួយ ដែលផ្តល់លទ្ធភាព ឱ្យទទួលបានការថែទាំព្យាបាល សុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាព លទ្ធផលការងារពាក់កណ្តាលឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណនូវលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដែលជាការខិតខំរបស់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអបអរសាទរដល់មណ្ឌលសុខភាពគោលដៅគម្រូ សម្រាប់ឆ្នាំ២០២៥ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា លទ្ធផលដែលបុគ្គលិកសុខាភិបាលទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវា និងបង្កើនការយកចិត្តទុកដាក់ក្នុងការងារ ដោយមានការសាទរពីប្រជាពលរដ្ឋ ជាពិសេសនៅតាមមណ្ឌលសុខភាព ដែលការមកទទួលសេវា មានការកើនឡើងជាលំដាប់ ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា ប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យ បានលើកទឹកចិត្តដល់មណ្ឌលសុខភាពគោលដៅគម្រូ ឱ្យមានការចែករំលែកដល់សហភាតរៈ នូវបទពិសោធន៍ ដែលបានអនុវត្តល្អប្រសើរ ចំពោះគុណភាព នៃការបម្រើសេវា និងការបង្កើនទំនុកចិត្ត ពីប្រជាពលរដ្ឋ ជាពិសេសក្នុងសហគមន៍។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាពការងារវាយតម្លៃក្នុងវិស័យសុខាភិបាល តាមរយៈការអង្កេតស្រាវជ្រាវ ដោយក្រុមការងារវាយតម្លៃ នៃធនាគារពិភពលោក ដែលបង្ហាញពីវឌ្ឍនភាពល្អ គួរឱ្យកត់សម្គាល់ និងភាពវិជ្ជមាន នៃប្រព័ន្ធសុខាភិបាល លើសូចនាករសំខាន់ៗ ដូចជា៖ សកម្មភាពនៃការបម្រើសេវា និងភាពរឹងមាំនៃគុណភាព , ការពេញចិត្តពីការបម្រើសេវា , មណ្ឌលសុខភាព សម្រេចគោលដៅខ្ពស់ក្នុងការបម្រើសេវាសុខភាពបឋម និងសេវាមន្ទីរពេទ្យបង្អែក មានការកើនឡើង។

រដ្ឋមន្រ្តីបញ្ជាក់ថា “ទន្ទឹមនឹងភាពល្អប្រសើរ យើងក៏ត្រូវមានការពិនិត្យ និងកែលម្អបន្ថែមនូវចំណុចមួយចំនួន ដែលមិនទាន់សម្រេចបានគោលដៅ ដោយត្រូវយកការសិក្សា វាយតម្លៃនេះមកពិនិត្យ ពិចារណាបន្ថែម ដូចជា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ ការគ្រប់គ្រងនិង ការបែងចែកធនធានមនុស្សឱ្យចំគោលដៅ និងសមស្រប ដើម្បីបង្កើនគុណភាពសេវាសាធារណៈកាន់តែប្រសើរជាងនេះ” ៕

To Top