ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាព បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន ។

ការឯកភាពរបស់សម្តេចធិបតី និងលោកស្រីទូតអីស្រាអែល ធ្វើឡើងក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគី កំពុងស្ថិតក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពល នៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត។

លោកស្រីបានសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើន គឺជាកាតាលីករដ៏សំខាន់ សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើនបន្ថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ, លោកស្រីក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ រួមមានការបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការការងារ ក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល។ បន្ថែមលើនេះ, លោកស្រីក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ, វប្បធម៌ និងវិទ្យាសាស្ត្រផងដែរ។

ជាការឆ្លើយតប, សម្ដេចធិបតី ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះលោកស្រីដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា និងអ៊ីស្រាអែល ព្រមទាំងបានឯកភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងពេញលេញ ដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលផ្សេងៗជាច្រើនទៀត។

សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខាភិបាល ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងកម្ពុជា និងអ៊ីស្រាអែល ផងដែរ៕


