Feature

កម្ពុជា ដាក់ពាក្យបណ្ដឹងតវ៉ា ៦០ច្បាប់ ជុំវិញបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយដាក់ពាក្យបណ្តឹងតវ៉ា ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអាស៊ាន និងយន្តការអន្តរជាតិនានា ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងពិធីបើកសិក្ខាសាលា «ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)» ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ គ.ស.ម.ក. បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយការដាក់ពាក្យបណ្តឹងតវ៉ា ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអាស៊ាន និងយន្តការអន្តរជាតិនានា ការដឹកនាំគណៈប្រតិភូទៅតវ៉ាការពារការពិតនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងការចុះសួរសុខទុក្ខកងទ័ពនិងជនភៀសសឹកចំនួន ១០លើក ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។ 

ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ហើយរាល់ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនភ្ជាប់របៀបវារៈនយោបាយ និងត្រូវឈរលើបរិបទប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ពិតប្រាកដរបស់កម្ពុជា។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តឱ្យបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា ព្រមទាំងជំរុញឱ្យមន្ត្រីមូលដ្ឋានផ្សព្វផ្សាយ និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា «សន្តិភាព គឺជាមូលដ្ឋានសម្រាប់សិទ្ធិមនុស្ស»៕

To Top