DAP News
Feature

មន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រៀមរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

កំពង់ធំ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោកនាយក និងលោកនាយករង នៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសហការត្រៀមរៀបចំ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២  ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន បានលើកឡើងថា យុទ្ធនាការដ៏មានសារៈសំខាន់នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណវិទ្យាល័យរស្មីសោភ័ណ្ឌ ដោយមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងព័ត៌មាន អភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប បានចូលរួមផងដែរ។

 កម្មវិធីនេះនឹងរៀបចំសកម្មភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមានការបិទស្ទីកឃ័រ (Sticker) អប់រំ ការលើកប៉ាដា និងផ្ទាំងផ្សព្វផ្សាយ ដែលមានខ្លឹមសារអំពាវនាវឱ្យយុវជន និងសាធារណជនរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ខ្លឹមសារលើស្ទីកឃ័រ និងផ្ទាំងផ្សព្វផ្សាយ គ្រោងនឹងបង្ហាញសារសំខាន់ៗ ដូចជា៖

«គិតមុន ចុច Share»

«ផ្ទៀងផ្ទាត់ប្រភព មុននឹងជឿ»

«យុវជនឆ្លាតវៃ ត្រូវចេះសួរ ពិនិត្យ និងផ្ទៀងផ្ទាត់»

«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

ក្រុមការងាររៀបចំ ក៏បានត្រៀមលក្ខណៈរៀបចំសណ្ដាប់ធ្នាប់ សិស្សានុសិស្សដែលត្រូវចូលរួម យ៉ាងច្រើនកុះករ ក្នុងយុទ្ធនាការនេះ ដោយរំពឹងថា ការចូលរួមយ៉ាងសកម្មរបស់យុវជន នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងសមត្ថភាពគិតវិភាគនៅក្នុងយុគសម័យឌីជីថល។

យុទ្ធនាការនេះ មិនត្រឹមតែជាការផ្សព្វផ្សាយអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះវប្បធម៌ប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយការយល់ដឹង ចេះគិត ពិនិត្យ និងផ្ទៀងផ្ទាត់ មុននឹងជឿ និងចែករំលែកព័ត៌មានទៅកាន់អ្នកដទៃ៕

ដោយ៖ សំនៀង

To Top