អ្នកនាំពាក្យ ៖ ស្ទើរគ្រប់វេទិកាជាតិ-អន្តរជាតិ នាយករដ្ឋមន្រ្តីកម្ពុជា តែងវាយតម្លៃខ្ពស់តួនាទី AOT
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ថា នៅស្ទើរតែគ្រប់វេទិកាជាតិ-អន្តរជាតិ សម្តេចមហាបវរធិបតី តែងតែបញ្ជាក់ពីគោលជំហររបស់កម្ពុជាដែលវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះផ្ទៀងផ្ទាត់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃក្រោយមានបទឈប់បាញ់ ។

ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា នៅស្ទើរតែគ្រប់វេទិកាជាតិ-អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែបញ្ជាក់ជំហរ របស់កម្ពុជាដែលវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងថ្លែងអំណរគុណ ដល់ប្រទេសសមាជិកអាស៊ាន ចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។
អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជា ស្វាគមន៍ហ្វីលីពីន ដែលបានទទួលតំណែងជាប្រធានអាស៊ាន បន្ដពីម៉ាឡេស៊ី និងផ្តល់កិច្ចសហប្រតិបត្ដិការ ពេញទំហឹងដល់តួនាទី និងអាណត្តិរបស់ AOT ។ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការនានាដែលបានព្រមព្រៀងគ្នា។
លោក ប៉ែន បូណា បន្តថា “ការឯកភាពគ្នាអំពីតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន មានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង ចំណុច ១២ ចែងថា៖ ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេត ការណ៍ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ដោយពិគ្រោះយោបល់ ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន”។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា ដើម្បីបន្តនិរន្តរភាព និងសុពលភាពនៃបេសកកម្មសង្កេតការណ៍និងផ្ទៀតផ្ទាត់ការពិត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន អាស៊ានឆ្នាំ២០២៦ ក៏បានដឹកនាំបេសកកម្មសង្កេតការណ៍នេះបន្តពីប្រទេសម៉ាឡេស៊ី។ កម្ពុជាថ្លែងអំណរគុណ ចំពោះម៉ាឡេស៊ី និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឆ្នាំ២០២៦ ៕
