មេសិទ្ធិមនុស្សកម្ពុជា ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស
កំពង់ឆ្នាំង ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សាមគ្គីភាពជាកម្លាំង ហើយការរួបរួមគ្នាបង្ហាញ ពីភាពរឹងមាំដែលអាចជម្នះ គ្រប់ឧបសគ្គ និងសន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។
ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើង ក្នុងគោលបំណងជំរុញការចូលរួមបំពេញ កាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងនាមជារដ្ឋភាគី ដែលត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់អង្គភាពទាំងថ្នាក់ជាតិនិងក្រោមជាតិ ឱ្យបានទូលំទូលាយសមស្របទៅតាមនិយាមនៃច្បាប់ និងគោលការណ៍មិនរើសអើង។

លោកទេសរដ្ឋមន្រ្តី ក៏មានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តរួបរួមគ្នាជាធ្លុងមួយជាមួយប្រជាពលរដ្ឋតាមរយៈបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា «សាមគ្គីភាពជាកម្លាំង ហើយការរួបរួមគ្នារបស់យើងបង្ហាញពីភាពរឹងមាំដែលអាចជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស»។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ ICCPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕

