ក្រសួងអប់រំ ឱ្យបញ្ឈប់ជាបន្ទាន់ ការរៀបចំប្រកួតគុនខ្មែរ ដោយឱ្យកុមារចូលរួមការប្រកួត
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរ ដោយឱ្យកុមារចូលរួមការប្រកួត អាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខភាព ខណៈ ក្រសួង ឱ្យគោរពតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី២៣ មិថុនា ថា ថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួត កីឡាប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំរៀបចំដោយលោក មាស ម៉ើ ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសលើកទឹកចិត្តឱ្យកុមារ និងអនីតិជន ចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្រប តាមគោលការណ៍ អភិវឌ្ឍកីឡាប្រកបដោយសុវត្ថិភាព និងការការពារកុមារ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន និងបានរកឃើញថា ការរៀបចំប្រកួតនេះ ពុំបានបំពេញលក្ខខណ្ឌបច្ចេកទេស ស្របតាមបទប្បញ្ញត្តិរបស់ សហព័ន្ធឡើយ ជាពិសេសការផ្គូផ្គងកីឡាករ ពុំមានការវាយតម្លៃ ច្បាស់លាស់លើសមត្ថភាព បទពិសោធន៍ និងប្រភេទទម្ងន់ ដែលអាចបង្កហានិភ័យដល់ សុវត្ថិភាព និងសុខភាពរបស់កីឡាករ ជាមួយគ្នានេះ អ្នករៀបចំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ រួមទាំងអាជ្ញាកណ្ដាល ពុំមានភស្តុតាងបញ្ជាក់ពីការបណ្តុះបណ្តាល និងការទទួលស្គាល់ពីសហព័ន្ធ។ ម្យ៉ាងវិញទៀត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏មិនបានចេញលិខិតអនុញ្ញាត ឬឯកភាពឱ្យរៀបចំកម្មវិធីនេះឡើយ។
ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជម្រាបជូនអាជ្ញាធរមូលដ្ឋាន និងបានណែនាំឱ្យអ្នករៀបចំផ្អាកការប្រកួត។ ទោះជាយ៉ាងណា អ្នករៀបចំកម្មវិធីនៅតែបន្តរៀបចំការប្រកួតនេះ ដោយបន្តទៅរៀបចំការប្រកួត នៅទីតាំងផ្សេងទៀត ដោយមិនមានការអនុញ្ញាត និងការឯកភាពពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡើយ។
ក្រសួងស្នើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំ និងបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតនេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព សហគមន៍ និងបុគ្គលដែលមានបំណងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវគោរពតាមបទប្បញ្ញត្តិ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខភាព និងសេចក្ដីថ្លៃថ្នូររបស់កីឡាករ៕
