៥ខែ ឆ្នាំនេះ មន្រ្តីរាជការមកបំពេញ ការងារចំនួន៩៥%
ភ្នំពេញ ៖ ក្នុងរយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យ ដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថា មន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥% ។
ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ លោកអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។

ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថា មន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។
ទាំងនេះជាលទ្ធផលដ៏គួរឱ្យកោតសរសើរនិងស្ញប់ស្ញែង ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់ បានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការកែទម្រង់ រដ្ឋបាលសាធារណៈ ទៅលើការពង្រឹងអភិបាលកិច្ច ដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ដែលជួយដល់ការសម្រេចចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕









