កម្ពុជា-ចិន នៅតែស្ថិតក្នុងកម្រិតការទូតកំពូល និងរឹងមាំស៊ីជម្រៅ
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងស្ថិត ក្នុងកម្រិតការទូតកំពូលខ្ពស់បំផុត និងរឹងមាំហើយកាន់តែស៊ីជម្រៅ ។
ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ បានឆ្លៀតឱកាសផ្តល់កិច្ចសម្ភាសថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅចិននេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្ត ឥតងាករេ របស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញ កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត ។
លោកសង្កត់ធ្ងន់ថា ការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែបនេះ គឺបញ្ជាក់ថា ជាទំនាក់ទំនងស្ថិតក្នុងកម្រិតការទូតកំពូលរវាងកម្ពុជា-ចិន ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា “យើងដឹងថា កម្ពុជា-ចិន ស្ថិតក្នុងបរិយាកាសនៃទំនាក់ទំនងដ៏រឹងមាំជាមួយគ្នា ដែលទំនាក់ទំនងនេះ កើតឡើងតាំងពីអតីតព្រះមហាក្សត្រ ហើយបន្តក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី និងក្រោមសម័យកាលរបស់សម្តេចតេជោ និងបន្តមកដោយសម្តេចធិបតី ទំនាក់ទំនងកម្ពុជា-ចិន នៅតែស៊ីជម្រៅ និងនៅជាមួយគ្នាគ្រប់កាលៈទេសៈ”។
សូមបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅចិនរយៈពេល៣ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយលោក លី ឈាង នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋចិន និងលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនចិន។ ទន្ទឹមនឹងនេះ សម្តេចតេជោក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ៕









