Feature

ក្រសួងឧស្សាហកម្ម បន្តពង្រឹងការអនុវត្តថវិកា ផ្អែកលើសមិទ្ធកម្ម និងគណនេយ្យភាព តាមរបៀបវារៈកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពី «ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧–២០២៩ គម្រោងថវិកា ឆ្នាំ២០២៧ ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងការផ្សព្វផ្សាយសៀវភៅថវិកា ប្រជាពលរដ្ឋឆ្នាំ២០២៦» ក្នុងគោលដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈផ្អែកលើសមិទ្ធកម្ម។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការផ្តល់សេវាសាធារណៈ របស់ស្ថាប័នរដ្ឋ។ លោក បានលើកឡើងថា «កិច្ចការកែទម្រង់ត្រូវមានចក្ខុវិស័យច្បាស់លាស់ ការប្ដេជ្ញាចិត្តខ្ពស់ ការចូលរួមដោយស្មោះត្រង់ និងការលះបង់ក្នុងការងារ»។

រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើការកសាង «គណនេយ្យភាពសមិទ្ធកម្ម» និងការបណ្តុះវប្បធម៌សមិទ្ធកម្មនៅទូទាំងស្ថាប័នសាធារណៈ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថវិកាត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅ នឹងអាទិភាពគោលនយោបាយ គោលដៅស្ថាប័ន និងសូចនាករសមិទ្ធកម្មដែលអាចវាស់វែងបាន ព្រមទាំងបានអំពាវនាវដល់គ្រប់អង្គភាពថវិកា របស់ក្រសួង ឱ្យពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា កែលម្អការអនុវត្តថវិកា និងធានាការប្រើប្រាស់ធនធានសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង។

លោក បានកត់សម្គាល់ថា ទោះបីក្រសួងសម្រេចបានវឌ្ឍនភាពជាបន្តបន្ទាប់ ក្រោយការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់អង្គភាពថវិកា ជាអាណាប័កផ្ទេរសិទ្ធិពេញលេញក៏ដោយ នៅមានបញ្ហាប្រឈមមួយចំនួន រួមទាំងសមត្ថភាពអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនៅមានកម្រិត ការប្រែប្រួលលក្ខខណ្ឌនៃការអនុវត្តថវិកា និងការបន្តកែលម្អរបាយការណ៍ហិរញ្ញវត្ថុ៕

To Top