កម្ពុជានៅតែទាមទារឱ្យថៃ បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពខុសច្បាប់
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នានា នៅទីតាំងមួយចំនួនលើទឹកដីកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងដោយមានយានយន្ត៩គ្រឿងអមដំណើរផង បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧ ។

លោកថា សកម្មភាពទាំងនេះ បានរំលោភបំពានយ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ (MOU-2000) រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែង និងខណ្ឌ សីមាព្រំដែនគោក និងផ្ទុយពីបែបបទបច្ចេកទេសឆ្នាំ២០០៣ ក៏ដូចជាកំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។
អ្នកនាំពាក្យបន្ថែមថា សកម្មភាពទាំងនេះ ក៏ជាការបំពានលើវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងជាឯកតោភាគី ហើយត្រូវបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ” ។
បើតាមអ្នកនាំពាក្យ កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ៕









