មន្ត្រីរាជការជាង ១៤ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន អ្នកវិជ្ជមាន ១១២នាក់ បណ្តេញចេញពីក្របខ័ណ្ឌ ១០៩នាក់ និង ៣នាក់ កំពុងតាមដានបន្ត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតមកដល់ពេលនេះ មន្ត្រីរាជការជាង ១៤ ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ក្នុងនោះ អ្នកវិជ្ជមាន ១១២ នាក់ ហើយបណ្តេញចេញពីក្របខ័ណ្ឌ ១០៩នាក់ និង ៣នាក់ កំពុងតាមដានបន្ត។

ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ « ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត » នៅសាលមហោស្រព កោះពេជ្រ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា «ជាការពិតណាស់ កន្លងទៅ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ដើម្បី ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងចាត់វិធានការចំពោះ អ្នកដែលពាក់ព័ន្ធ ត្រូវបានធ្វើជាប់ជាប្រចាំ ដោយក្នុងនោះ គិតតាំងពីឆ្នាំ២០២៤ មក មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិចំនួនជាង ១៤ ម៉ឺននាក់ ត្រូវបានធ្វើតេស្ត ក្នុងនោះ អ្នកវិជ្ជមានមានចំនួន ១១២ នាក់ ដែល ១០៩នាក់ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ និង ០៣ នាក់ កំពុងតាមដានបន្ត»។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ដ្រី សង្កេតឃើញថា ស្ថាប័នរដ្ឋបានធ្វើជាគំរូ នៃភាពស្អាតស្អំ គ្មានគ្រឿងញៀន ហើយសម្រាប់សង្គមជាតិ ដូច្នេះ លោក លើកទឹកចិត្តដល់សង្គមទាំងមូល អាចពិចារណាក្នុងការអនុវត្តតាមគំរូដ៏ប្រពៃនេះ ពីព្រោះថា «ម៉ោងនេះ យើងទាំងអស់គ្នា ត្រូវចាប់ផ្តើម សម្អាតនូវសហគមន៍របស់យើង»។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានឧទាហរណ៍ ថា ប្រសិនបើ ក្រុមហ៊ុន សហគ្រាស រហូតដល់ ក្រុមគ្រួសារ មានអ្នកញៀនម្នាក់ ខ្ញុំគិតថា ប្រៀបបានដូចជាមានដុំភ្លើងមួយ ដូច្នោះដែរ។ ឧទាហរណ៍ ក្រុមហ៊ុនបើកបរដឹកអ្នកដំណើរ តើហានិភ័យយ៉ាងណា ប្រសិនអ្នកបើកបរនោះ ជាអ្នកញៀនគ្រឿងញៀន?

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ដូច្នេះ ទោះបីជាកន្លងទៅ គោលការណ៍សម្អាតផ្ទះ និងសម្អាតចកចេញពីបឹង គឺអនុវត្តតែ សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ ប៉ុន្តែ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ស្វាគមន៍ និងលើកទឹកចិត្តដល់វិស័យឯកជនផ្សេងៗទៀត ដែលចង់អនុវត្ត គោលការណ៍នេះ តាមគ្រឹះស្ថានខ្លួនផងដែរ ពីព្រោះ ដូច សម្តេចធិបតី តែងតែមានប្រសាសន៍ថា «បើចង់ឱ្យខ្លួនរីកចម្រើន ចង់ជួយសង្គមជាតិ បឋមត្រូវតែគិតគូរសម្អាតផ្ទះសម្បែងឱ្យស្អាតបាត ជាមុនសិន ទើបអាចមានលទ្ធភាពចូលរួមជួយអភិវឌ្ឍសង្គមជាតិបាន»៕









