ក្រុម AOT ចុះសង្កេតការណ៍ អំពីស្ថានភាពព្រំដែន នៅវត្តប្រាសាទ តាមាន់សែនជ័យ
ឧត្តរមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមរយៈ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព ព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។

គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះសុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងរបស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារ ប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅ របស់កងកម្លាំងយោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕















