Feature

លោក នេត សាវឿន ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងត្រូវប្តូរពាក្យ “វែកចក” ទៅ “សម្អាតចកចេញពីផ្ទៃបឹង”

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក នេត សាវឿន បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានគោលដៅស្របតាមប្រសាសន៍ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត “ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរពីពាក្យ “វែកចក” ទៅជា “ការសម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ” ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» លោក នេត សាវឿន មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សង្គមកម្ពុជានឹងសម្រេចបាននូវគោលដៅវិសិដ្ឋ ដែលគ្រប់គ្នាប្រាថ្នាចង់បាន ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លៃរបស់សម្ដេចធិបតីដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរពីពាក្យថា “វែកចក” ទៅជា “ការសម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ” ប្រែក្លាយសង្គមជាតិមួយទៅជាសង្គមដែលរឹងមាំ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
 
លោកបន្ថែមថា ជាពិសេសកម្ពុជា គឺជាប្រទេសជាតិមួយដែលមានកម្លាំងចលករប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដ៏រឹងមាំ មោះមុតខ្លាំងក្លាពីគ្រប់វិស័យ ប្រកបដោយឆន្ទៈស្មារតីខ្ពស់ និងការឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ។

លោកបញ្ជាក់ថា “ដូចសម្តេចធិបតី តែងតែមា​នប្រសាសន៍ថា បើចង់ឱ្យខ្លួនរីកចម្រើនជួយសង្គមជាតិ ជាបឋមត្រូវគិតគូរសម្អាតផ្ទះសម្បែង ឱ្យបានស្អាតបាតជាមុនសិន ទើបអាចមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិបាន ។ ដូច្នេះ ការរៀបចំឱ្យមានភាពស្អាតស្អំគ្មានគ្រឿងញៀន នៅតាមអង្គភាព មិនថារដ្ឋ ឯកជ​ន គឺជាកត្តាសំខាន់មួយដើម្បីសង្គមជាតិយើង”។
 

ជាមួយគ្នានេះ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្ញើសារផ្តាំទៅ មាតាបិតា និងអាណាព្យាបាលថា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះការអប់រំ ថែទាំ និងតាមដានកូនចៅរបស់ខ្លួន ដោយចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ការសន្ទនា ការស្តាប់ និងការប្រឹក្សាយោបល់ជាប្រចាំ ព្រោះគ្រួសារគឺជារបងការពារដំបូង និងសំខាន់បំផុតសម្រាប់កុមារ និងយុវជន ។ ដូច្នេះ មាតា បិតា ត្រូវស្វែងយល់អំពីការវិវត្តរបស់កូនចៅ ទាំងការសិក្សា ទំនាក់ទំនងសង្គម និងសកម្មភាពលើបណ្ដាញអនឡាញ ដើម្បីអាចរកឃើញសញ្ញាប្រឈម និងអន្តរាគមន៍បានទាន់ពេលវេលា៕

To Top