រដ្ឋមន្រ្តីសុខាភិបាល ៖ ត្រូវរួមគ្នាកសាងសង្គម ដែលពលរដ្ឋ អាចទទួលបានការថែទាំសុខភាពផ្លូវចិត្ត
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឱ្យរួមគ្នាកសាងសង្គមមួយដែលប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានការគាំទ្រ និងការថែទាំសុខភាពផ្លូវចិត្តប្រកបដោយ ក្តីសង្ឃឹម ភាពកក់ក្តៅ និងពុំមានការរើសអើង។

ក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើស នៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយ នៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្ដល់សេវាសុខភាពដែលមានភាពរឹងមាំ និងភាពធន់។ មណ្ឌលសុខភាព គឺជាច្រកចូលដំបូងបំផុត របស់ប្រជាជនក្នុងការទទួលបានសេវាសុខភាព។ សេវាសុខភាពផ្លូវចិត្តត្រូវតែផ្ដោតលើអ្នកជំងឺ ដោយត្រូវគោរពសិទ្ធិ សម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង។

បន្ថែមពីនេះ សាស្រ្តាចារ្យ បានណែនាំដល់ការបម្រើសេវា ត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សុខភាពផ្លូវចិត្ត នៅតាមមណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមាននិយាមបណ្ដុះបណ្ដាល នៅតាមរាជធានីខេត្ត ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីសម្រួចដល់ការកែលម្អគុណភាព ពីព្រោះគុណភាពអាចកើតមាន លុះត្រាតែមានការជួយគាំទ្រ ការតាមដាន និងវាយតម្លៃ និងការហ្វឹកហាត់ជាប្រចាំផងដែរ ។



ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួន ឱ្យបុគ្គលិកសុខាភិបាល ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាព ផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកលឱ្យបានមានប្រសិទ្ធភាព , ត្រូវពង្រឹងការបម្រើសេវាដោយផ្តោតលើអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ , ត្រូវខិតខំនិយមបណ្តុះបណ្តាល សេចក្ដីណែនាំគ្លីនិកនៃសំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត ដើម្បីជាឧបករណ៍ និងគ្រូបង្គោលសម្រាប់អភិវឌ្ឍវិជ្ជាជីវៈបន្ត , ណែនាំឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស ដើម្បីរៀបចំនិយាមបណ្ដុះបណ្ដាលសុខភាពផ្លូវចិត្តថ្មីៗថែមទៀត ។
សាស្រ្តាចារ្យរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា សុខភាពផ្លូវចិត្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ជាផ្នែកមួយក្នុងសុខភាពសាធារណៈ។ ដូច្នេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាព ដោយមានកិច្ចសហការ និងស្វាគមន៍ការចូលរួមរបស់ដៃគូ និងត្រូវនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកៀរជិតដល់ប្រជាពលរដ្ឋ ៕















