នយោបាយ

គ.ជ.ប ជួបអង្គការខុមហ្វ្រែល ស្តីពីលទ្ធផលសង្កេត និងឃ្លាំមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥

ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបពិភាក្សាជាមួយ តំណាងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលដឹកនាំដោយ លោក សុក សំអឿន ប្រធានគណៈកម្មាធិការ នាយកអង្គការខុមហ្វ្រែល ពាក់ព័ន្ធនឹងរបាយការណ៍សង្ខេបស្ដីពី «លទ្ធផលសង្កេត និងឃ្លាំមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ និងអនុសាសន៍សម្រាប់ឆ្នាំ២០២៦» នៅទីស្ដីការ គ.ជ.ប នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក ហង្ស ពុទ្ធា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូ អង្គការខុមហ្វ្រែល និងបានថ្លែងអំណរគុណ ចំពោះការចូលរួម ក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ ក្នុងការសង្កេតមើល ដំណើរការចុះឈ្មោះបោះឆ្នោត នាពេលកន្លងមក ព្រមទាំងបានដាក់ របាយការណ៍ ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។

ជំនួបនេះបានធ្វើឡើង ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាបន្ថែមលើរបាយការណ៍ មុននឹងអង្គការខុមហ្វ្រែល ដាក់បង្ហាញជាសាធារណៈ នាពេលឆាប់ៗខាងមុខនេះ។

ភាគីអង្គការខុមហ្វ្រែល បានធ្វើបទបង្ហាញ និងលើកឡើងអំពីរបាយការណ៍ដែលខ្លួន បានរកឃើញក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានជាអាទិ៍៖ 

– ការអនុវត្តការងាររបស់មន្រ្តី ចុះឈ្មោះបោះឆ្នោត  (ការបិទផ្សាយប្រតិទិនការងារ បញ្ជីបោះឆ្នោត និង ការរៀបចំសម្ភារ សណ្តាប់ធ្នាប់ តាមការិយាល័យចុះឈ្មោះបោះឆ្នោត)

– ការចូលរួមរបស់ភាគី ពាក់ព័ន្ធពុំសូវមានច្រើន និងពេញលេញ

– ការប្រឈមដោយកត្តាធម្មជាតិ កត្តាចំណាកស្រុក កត្តាសម្ភារ បរិក្ខារបច្ចេកទេស 

– និងការរកឃើញទិន្នន័យសង្ស័យ មានឈ្មោះស្ទួន ជាដើម។

ទន្ទឹមនឹងនោះ អង្គការខុមហ្វ្រែល បានផ្ដល់អនុសាសន៍ជូនដល់ គ.ជ.ប សម្រាប់ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាពេលខាងមុខនេះផងដែរ រួមមាន៖

– ការជំរុញ និងលើកកម្ពស់ការយល់ដឹង អំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឱ្យបានកាន់តែប្រសើរ (ទិន្នន័យជីវប្រវត្តិ និងទិន្នន័យជីវមាត្រ)

– ការជំរុញការលុបឈ្មោះស្ទួន ឬ/និងសង្ស័យស្ទួន ប្រសិនបើ គ.ជ.បត្រួតពិនិត្យផ្ទៀងផ្ទាត់ តាមលក្ខណៈ បច្ចេកទេសបន្ថែមឃើញថា ពិតជាទិន្នន័យស្ទួនប្រាកដមែន

– ការស្នើសុំអន្តរាគមន៍ពី គ.ជ.ប សម្របសម្រួល និងណែនាំដល់ លេខាធិការដ្ឋាន ខេត្តរៀប ចំ ការ បោះ ឆ្នោ ត (ល.ខ.ប) មួយចំនួនសហការ និងសម្របសម្រួលជូន អ្នកសង្កេតការណ៍ខុមហ្វ្រែល ក្នុងការចុះសិក្សា និងប្រមូលព័ត៌មាន ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ២០០៦ ស.ជ.ណចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨

– ការដោះស្រាយបញ្ហាប្រឈម ផ្នែកសម្ភារ បរិក្ខារបច្ចេកទេស ការរៀបចំ និងការគ្រប់គ្រងសណ្តាប់ធ្នាប់ តាមការិយាល័យចុះឈ្មោះ ព្រមទាំងការកាត់បន្ថយនីតិវិធី បំពេញដោយដៃ

– ការបង្កើនការផ្សព្វផ្សាយ អប់រំអ្នកបោះឆ្នោត និងសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗដូចជា គ្រឹះស្ថានសិក្សា និងវិស័យឯកជនមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កម្មករ និងនិស្សិតឱ្យមានច្បាប់ឈប់សម្រាក មកចុះឈ្មោះបោះឆ្នោត 

– ការពង្រឹងវត្តមាន របស់មន្ត្រីចុះឈ្មោះបោះឆ្នោត ក្នុងម៉ោងពេលបំពេញការងារ។

លោក ហង្ស ពុទ្ធា បានលើកឡើងថា បន្ទាប់ពីបានទទួលរបាយការណ៍ពីអង្គការខុមហ្វ្រែល នាយកដ្ឋានពាក់ព័ន្ធ បានសិក្សាលើករណីនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយ គ.ជ.ប អាចធ្វើការវាយតម្លៃថា ករណីទាំងនោះមានផលប៉ះពាល់តិចតួចក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំ និងការរៀបចំបញ្ជីបោះឆ្នោត។

លោកបានបញ្ជាក់ថា បញ្ហាប្រឈមខ្លះៗ ដែលបានរកឃើញ គឺជាកំហុសផ្នែកការអនុវត្តការងារ រដ្ឋបាលបោះឆ្នោតខ្លះៗ របស់មន្ត្រីចុះឈ្មោះបោះឆ្នោត កត្តាសម្ភារ បរិក្ខារដែលប្រើប្រាស់យូរឆ្នាំ ដែលបញ្ហាទាំងនេះ គ.ជ.ប បាននិងកំពុងបន្តខិតខំចាត់វិធានការដោះស្រាយ និងកែលម្អឱ្យបានជាប់ជាប្រចាំសម្រាប់ការអនុវត្ត នៅឆ្នាំបន្តបន្ទាប់។ ដោយឡែកចំពោះឈ្មោះស្ទួន និងទិន្នន័យសង្ស័យស្ទួន អង្គភាពជំនាញបានសិក្សាផ្ទៀងផ្ទាត់បន្ថែម តាមរយៈស្នាមម្រាមដៃ រកឃើញថា មានឈ្មោះស្ទួនចំនួន ៣៦ឈ្មោះ ស្មើនឹង ១៨រូប ប៉ុន្តែទិន្នន័យចំនួន ២២ ទៀត ពុំមែនជាទិន្នន័យស្ទួននោះទេ។

លោក ហង្ស ពុទ្ធា បានបន្ថែមថា អនុសាសន៍ភាគច្រើន ដែលអង្គការខុមហ្វ្រែល ផ្ដល់ជូនមក គ.ជ.ប តាមរយៈរបាយការណ៍នេះ គឺអាចទទួលយកបាន ហើយក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្នុងការពិនិត្យ ការចាត់វិធានការដោះស្រាយ និងកែលម្អជាប្រចាំ ក្នុងដំណើរការអនុវត្តការងារជាក់ស្តែង៕

To Top