Feature

ឡាវ សម្តែងកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង និងការពារបរិស្ថាន

 ភ្នំពេញ ៖ លោក បួកែវ ភូមវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានកោតសរសើរកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានបរិស្ថានធម្មជាតិស្អាតបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការកោតសរសើរនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសលោក បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លោក ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ដោយសារកម្ពុជានិងឡាវជាប្រទេសភូមិផងរបងជាមួយគ្នា ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នឹងពិតជាមានសារៈសំខាន់ ដែលប្រទេសឡាវ ត្រូវការដកពិសោធន៍ពីកម្ពុជា ហើយឯកឧត្តមនិងខិតខំជំរុញឱ្យក្រសួងបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ក្នុងការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថាកម្ពុជា បាននិងកំពុងអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលបានដាក់ចេញនូវវិធានការច្បាប់តឹងរ៉ឹង ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងការគ្រប់គ្រងវិស័យបរិស្ថាន តាមរយៈយុទ្ធនាការជាច្រើន សម្រាប់ការគ្រប់គ្រងការបំពុលបរិស្ថាន ក្នុងការថែរក្សាសុខភាពបរិស្ថានលើមេឃ លើដី និង ក្នុងទឹក ជំរុញការដាំកូនឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃត និងប្រែក្លាយកម្ពុជា ទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាលមកម្ពុជា ក្នុងនោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ទៅនឹងការបង្កើតសេដ្ឋកិច្ចក្នុងមូលដ្ឋាន ដើម្បីធានាចីរភាពបរិស្ថាន ក្នុងនោះមានការជួយអភិវឌ្ឍន៍ គោលដៅលម្ហែបៃតង ដែលប្រជាពលរដ្ឋអាចរកចំណូលល្អប្រសើរ។ 

លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កម្ពុជាអាចចែករំលែក ស្តីពីការផ្សារភ្ជាប់អត្ថប្រយោជន៍សេដ្ឋកិច្ច ទៅនឹងការអភិរក្សបរិស្ថាន ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃប្រទេសទាំងពីរ នៅពេលខាងមុខ។ លោក បានថ្លែងការគាំទ្រការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ និងជាពិសេសការរួមគ្នា ដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល ដូចជាការប្រែប្រួលអាកាសធាតុ ការដោះស្រាយការបំពុលបរិស្ថាន និងបញ្ហាប្លាស្ទិកជាដើម៕

To Top