លោក សុខ សូកេន ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥ នៅប្រទេសម៉ុងហ្គោលី
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន ICAPP បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចាកចេញពីមាតុភូមិដើម្បីទៅចូលរួម «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។

សកម្មភាពការទូតដ៏មានសារៈសំខាន់នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Oh Seog អគ្គលេខាធិការ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល។


នៅក្នុងឱកាសចាកចេញដំណើរនោះដែរ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សក្រសួង បានអញ្ជើញជូនដំណើរគណៈប្រតិភូដោយផ្ទាល់ នៅព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការជូនពរជោគជ័យក្នុងបេសកកម្មអន្តរជាតិនេះ៕



