Feature

សភាតំណាងប្រជាជនចិន ហៅទំនាក់ទំនង កម្ពុជា-ចិន ថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប តែងតែជួយយកអាសាគ្នា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនចិន បានហៅទំនាក់ទំនង កម្ពុជា-ចិន ថា «ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប តែងតែជួយយកអាសាគ្នា ទៅវិញ ទៅមក»។

ក្នុងជំនួបនោះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា លោក ចាវ ឡឺជី បានសម្ដែង នូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និង គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសអញ្ជើញបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលនេះ។

លោក ចាវ ឡឺជី បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅ គឺ បានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ សម្ដេច សង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខណ្ឌ ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយ សម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

នៅក្នុងឱកាសនោះ លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហើយ ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែលមិនអាចមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយ។

លោក ក៏បានលើកឡើងអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។ លោក ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដោយការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី៕

To Top