ព័ត៌មានជាតិ

សម្តេចធិបតី៖ ការងាកមកគាំទ្រផលិតផលក្នុងស្រុក ជាកត្តាសំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ការងាកមកគាំទ្រផលិតផលក្នុងស្រុក គឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន»។

សារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងកែលម្អ និងពង្រឹងការផ្ដល់សេវាធាណៈឱ្យបានកាន់តែល្អ ងាយស្រួល និងលឿនរហ័ស ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងអនុវត្តនូវគម្រោងនានា ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

សម្តេចធិបតី បន្ដថា ក្នុងស្មារតីស្នេហាជាតិ ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យ ស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និង កាត់បន្ថយការពឹងផ្អែកលើការនាំចូល។

សម្ដេចធិបតី គូសបញ្ជាក់ថា «ការជ្រើសរើសប្រើប្រាស់ផលិតផលនិងសេវាកម្មក្នុងស្រុកគឺជាការ ចូលរួមកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជា ការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំងញើសឈាម ចំណេះដឹង និងនវានុវត្តន៍របស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និង ធនធានមនុស្ស។ ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ការកែលម្អគុណភាពផលិតផលនិងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍម៉ាកសញ្ញា និងការគ្រប់គ្រងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈគឺជាគន្លឹះសំខាន់សម្រាប់ការចូលទៅកាន់ទីផ្សារថ្មីៗនិងការប្រកួតប្រជែងប្រកបដោយចីរភាព៕

To Top