ព័ត៌មានជាតិ

សមត្ថកិច្ចអន្តោប្រវេសន៍អាស៊ាន ឯកភាពប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លើកឡើងថា សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមនិងប្រទេសជាដៃបានឯកភាពគ្នា ខិតខំប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។

ក្នុងកិច្ចប្រជុំបញ្ចប់ប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន(DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ឧត្តមសេនីយ៍ឯក សុខ វាសនា មានប្រសាសន៍ថា បទល្មើសឆ្លងដែននានា ដែលសមត្ថកិច្ចអន្តោប្រវេសន៍នៃសមាជិកអាស៊ាន រួមគ្នាប្រយុទ្ធប្រឆាំងរួមមាន ៖ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មគ្រឿងញៀន និងការឆរបោកតាមប្រព័ន្ធអនឡាញ ។

លោកថា សម្រាប់បណ្តាប្រទេសជាដៃគូ ដូចជា ៖ ចិន ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សុទ្ធតែបានគាំទ្រលើកិច្ចការទាំងនេះ។

លោកសង្កត់ធ្ងន់ទៀតថា ក្រៅពីការឯកភាពគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន សមាជិកនៃកិច្ចប្រជុំ ក៏បានឯកភាពគ្នាតាមសំណើរបស់កម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាននៅកម្ពុជា ដែលការបង្កើតនេះ ជាមុខមាត់ថ្មីបន្ថែមទៀតរបស់កម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងត្រូវបានបង្កើតនៅឆ្នាំ១៩៩៦ DGICM បានប្រែក្លាយជាវេទិកាមួយកាន់តែមានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែមានប្រសិទ្ធភាពខ្ពស់៕

To Top