កម្ពុជាប្រចាំ UN អំពាវនាវឱ្យអនុវត្តច្បាប់អន្តរជាតិ ពេញលេញ ការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
ភ្នំពេញ ៖ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ។
ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ លោក កែវ ឈា បញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំង របស់កម្ពុជា ចំពោះការកើនឡើង គួរឱ្យតក់ស្លុត នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារ ក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្ត ឱ្យបានពេញលេញ នៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ ។

លោកថា កុមារជាង៦៤០០នាក់ នៅកម្ពុជា នៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិត ផ្តួចផ្តើមដូចជា “សាលារៀន បណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានា ឱ្យបាននូវជំនួយមនុស្សធម៌ ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមាររងផលប៉ះពាល់។

លោកបញ្ជាក់ដែរថា កម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថាកុមារគ្រប់រូបអាចរស់នៅ សិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច។
បើតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោក កុមារ៤៨%ដែលភៀសខ្លួនទៅជាមួយម្តាយ-ឪពុក មានអារម្មណ៍ភ័យខ្លាចចំពោះការផ្ទុះអាវុធ គ្រាប់បែក រួមទាំងការជម្លៀស ។ ការទង្គិចផ្លូវចិត្តបង្កបញ្ហាមួយចំនួនសម្រាប់ការរស់នៅរបស់ពួកគេ ដូចជា ភាពភ័យខ្លាច ពិបាកគេង បាត់បង់ចំណង់អាហារ ព្រួយបារម្ភ និងពិបាកផ្ចង់អារម្មណ៍៕

