ចំពោះមុខ លោក ស៊ី ជីនពីង សម្តេចតេជោ ចាត់ទុកចិន ជាមិត្តពិតប្រាកដ និងទុកចិត្ត
ភ្នំពេញ ៖ នៅចំពោះមុខលោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានចាត់ទុកចិន គឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់កម្ពុជា ។

លោកជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោមានប្រសាសន៍ថា ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ និងលោក ស៊ី ជីនពីង នៅមហាវិមានប្រជាជនចិន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ី ជីនពីង បានហៅសម្តេចតេជោថា ជាមិត្តចាស់ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការភ្ជាប់ក៏ដូចជាកសាងទំនាក់ទំនង មិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំដល់ពេលបច្ចុប្បន្ន ។

ប្រធានាធិបតីចិនបន្តថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងដែលមានភាពរឹងមាំដូចផ្ទាំងសិលាដូច្នោះដែរ ។
ជាកិច្ចឆ្លើយតប សម្តេចតេជោបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីចិន ព្រោះថា កម្ពុជា-ចិនគឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានការប្រែប្រួលឡើយ ។

អ្នកនាំពាក្យបញ្ជាក់ថា “សម្តេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តម ស៊ី ជីនពីងថា មិត្តភាពកម្ពុជា-ចិនដែលកម្ពុជាចាត់ទុកចិនជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់កម្ពុជា” ។
សូមបញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជា-ចិន គឺជាពាក្យគន្លឹះយុទ្ធសាស្ត្រការទូតដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងលំដាប់ខ្ពស់បំផុត និងមិនអាចបំបែកបានរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕




