លោក សុខ សូកេន ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥ នៅប្រទេសម៉ុងហ្គោលី
ម៉ុងហ្គោលី៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជននៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីបើក «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។

កិច្ចប្រជុំកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយអង្គការ ICAPP សហការជាមួយគណបក្សប្រជាជនម៉ុងហ្គោលី (MPP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក Chung Eui-yong ប្រធានអង្គការ ICAPP និងលោក Sodbaatar Yangug អគ្គលេខាធិការនៃគណបក្សប្រជាជនម៉ុងហ្គោលី។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាសមាជិក និងសមាជិកានៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃអង្គការ ICAPP យ៉ាងច្រើនកុះករ នៅទីស្ដីការក្រសួងការបរទេស នៃប្រទេសម៉ុងហ្គោលី។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក សុខ សូកេន នាពេលនេះ គឺបានស្តែងឱ្យឃើញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងចំណោមបណ្តាគណបក្សនយោបាយនានានៅក្នុងតំបន់អាស៊ី៕









