សម្តេចធិបតី ឱ្យត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបាន ចំពោះទំនិញគេចពន្ធ និងទំនិញខូចគុណភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបាន ចំពោះទំនិញគេចពន្ធ និងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់។
នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យនិងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។
សម្តេចធិបតី បន្ដថា វិធានការនេះត្រូវធ្វើឡើងទាំងមុខ ទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការរបស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត៕
