Feature

យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង 

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្តាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុម ស្តីពី «ឥទ្ធិពលនៃគ្រឿងស្រវឹង» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ យុវវ័យ និងអ្នកពាក់ព័ន្ធរួមទាំងបេក្ខជនឆ្នើមជ័យលាភីបានអំពាវនាវឱ្យរាជរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីការពារសុខភាព និងអនាគតរបស់យុវជនជំនាន់ក្រោយ។

ក្នុងចំណោមយុវជនជាង ៧០០នាក់ដែលបានចូលរួមប្រកួត បេក្ខជនជ័យលាភីទាំងបីបានបង្ហាញក្តីព្រួយបារម្ភចំពោះការផ្សាយពាណិជ្ជកម្មដែល «លេបត្របាក់» សំឡេងអប់រំ។ គ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញសុខភាព កោសិកាខួរក្បាល និងសមត្ថភាពសិក្សារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយធនធានមនុស្សពី «សសរទ្រូងជាតិ» ឱ្យទៅជា «បន្ទុកសង្គម» យ៉ាងធ្ងន់ធ្ងរ។

អ្នកខ្លះលើកឡើងពីយុទ្ធសាស្ត្រ «ពង្វក់ស្មារតី» យ៉ាងសកម្មតាមរយៈបណ្តាញសង្គម (TikTok, Facebook, YouTube) និងការលេងល្បែងដាក់រង្វាន់លើក្រវិលកំប៉ុងដ៏ទាក់ទាញ ដែលធ្វើឱ្យកុមារ និងយុវជនយល់ច្រឡំថា ការសេពគ្រឿងស្រវឹងគឺជាភាពស៊ីវិល័យ និងទាន់សម័យ។ មួយខំនួន ក៏បានវាយតម្លៃថា បទដ្ឋានគតិយុត្តដែលមានស្រាប់ (ប្រកាសលេខ ០៨៤) នៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការការពារយុវជនពីឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅឡើយទេ។

ក្រុមយុវជនបានលើកឡើងស្នើថា ដើម្បីទប់ស្កាត់ផលប៉ះពាល់នេះ រាជរដ្ឋាភិបាលគួរពិចារណាលើចំណុចសំខាន់ៗ រួមមានៈ ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដាច់ខាតនៅលើបណ្តាញសង្គម។ហាមឃាត់មិនឱ្យមានតារាល្បី ឬអ្នកមានឥទ្ធិពល ចូលរួមផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង និងកំណត់ការផ្សាយពាណិជ្ជកម្មឱ្យមានត្រឹមតែ «ម៉ាក និងឡូហ្គោ» តែប៉ុណ្ណោះ។

អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្តាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុម ស្តីពី «ឥទ្ធិពលនៃគ្រឿងស្រវឹង»នៅរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកនេះដែរ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងនឹងយកធាតុចូលទាំងនេះទៅដាក់ជូនថ្នាក់ដឹកនាំពាក់ព័ន្ធធ្វើការពិចារណាដើម្បីរកដំណោះស្រាយឱ្យបានល្អ។ 

ជំណែក ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ប្រទេសខ្លាំងត្រូវមានប្រជាពលរដ្ឋខ្លាំង ហើយដើម្បីអភិវឌ្ឍន៍ប្រជាពលរដ្ឋ គឺត្រូវដកគ្រឿងស្រវឹងចេញពីខួរក្បាលមនុស្ស ដូច្នេះខ្ញុំសូមឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងមួយដ៏រឹងមាំ»៕

To Top