Feature

គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់

កាលពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២៦ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន​។

កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា និងព្រឹកថ្ងៃទី ២៦ ខែមិថុនានេះ និង លោក Xi Jinping​​ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ និងជាប្រធានរដ្ឋចិន និង​លោក Zhao Leji សមាជិក​​អចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង​ជា​ប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ជួបពិភាក្សាការងារ​ជា​មួយ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា នៅរដ្ឋធានី​ប៉េកាំង ហើយជំនួបនេះត្រូវបានធ្វើឡើងដាច់ដោយឡែកពីគ្នា។

ប្រមុខដឹកនាំចិន និងកម្ពុជា បានទទួលស្គាល់ជាឯកច្ឆ័ន្ទនូវសមិទ្ធផលក្នុងការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងមិត្តភាពដ៏រឹងមាំ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងការផ្លាស់ប្តូររវាងគណបក្ស រៀនសូត្រពីបទពិសោធន៍អភិបាលកិច្ចរវាងគ្នាទៅវិញទៅមក ជំរុញការកសាងច្រករបៀងសំខាន់ៗទាំងពីរ និងបញ្ចេញភាគលាភនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ចិននិងកម្ពុជានឹងរួមគ្នាកសាងទំនាក់ទំនង​ភាពជាដៃគូសន្តិសុខ ធ្វើការរួមគ្នាដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ឆ្លងដែន តភ្ជាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន និងរួមគ្នាគាំពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនលើកនេះ ត្រូវបានគ្រប់មជ្ឈដ្ឋានចិននិងកម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់។ 

សារព័ត៌មាន«Fresh News»កម្ពុជាបានចុះផ្សាយបទអត្ថាធិប្បាយកាលពីថ្ងៃទី ២៤ ខែមិថុនាថា​ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនលើកនេះ នឹងបំពេញបន្ថែមកម្លាំងចលករថ្មីសន្លាងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងបន្តវេនមិត្តភាពប្រពៃណីដ៏យូរលង់រវាងប្រទេសទាំងពីរ។ 

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់មួយ ដែលបានបង្ហាញយ៉ាងពេញលេញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពដែកថែប រវាងប្រទេសចិន និងកម្ពុជា។ ដំណើរទស្សនកិច្ចនេះ​ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាននយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអភិវឌ្ឍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ព្រមទាំងចាក់មូលដ្ឋាន​គ្រឹះយ៉ាងរឹងមាំសម្រាប់គណបក្សនយោបាយនៃប្រទេសទាំងពីរ បន្តវេនមិត្តភាព និងបណ្ដុះកម្លាំងមិត្តភាពយុវវ័យ។

លោក Zhou Shixin នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថានសិក្សាអន្តរជាតិសៀងហៃ បានប្រាប់« Global Times »របស់ចិននៅថ្ងៃទី​ ២៥ ខែមិថុនាថា ប្រទេសចិន និងកម្ពុជា គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ គោរពអធិបតេយ្យភាពជាតិ និងមាគ៌ាអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក និងសហការគ្នាដោយគ្មានលក្ខខណ្ឌនយោបាយណាមួយឡើយ ដែលនេះជាគំរូនៃការស្មើមុខគ្នា និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជា បានផ្តល់លទ្ធផលជាផ្លែផ្កា ដោយមានគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាកំពង់ផែក្រុងព្រះសីហនុ និងផ្លូវហាយវេជាដើមបានជួយដល់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នាពេលអនាគត ឧស្សាហកម្មងើបឡើងថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ថាមពលថ្មី និងភស្តុភារកម្មឆ្លងដែន ក៏ដូចជាព្រែកជីក និងផ្លូវដែកឆ្លងដែន នឹងក្លាយជាចំណុចកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយជួយឱ្យកម្ពុជាលើកកម្ពស់ការធ្វើបរិវត្តកម្មឧស្សាហកម្ម និងការធ្វើទំនើបកម្ម។

លោក Ge Hongliang អនុប្រធានវិទ្យាស្ថានអាស៊ាន នៃសាកលវិទ្យាល័យជនជាតិ Guangxi បានថ្លែងថា សហគមន៍ជោគវាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី មិនត្រឹមតែជាលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសកលខាងត្បូងផងដែរ។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សហប្រតិបត្តិការដែល​រាប់អានគ្នាដោយសមភាព ផ្តល់ផលប្រយោជន៍ដល់​គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ​ព្រមទាំងគោរពគ្នាទៅវិញទៅមក។  គំរូសហប្រតិបត្តិការនេះ ជា​បទ​ពិសោធសំខាន់សម្រាប់ប្រទេសសកលខាងត្បូងទាំងឡាយ៕

To Top