Feature

សម្ដេចធិបតី ៖ កម្ពុជាទទួលបានការកោតសរសើរ ពីបរទេស ចំពោះការបង្ក្រាប បទល្មើសបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាទទួលបានការកោតសរសើរ ពីភាគីបរទេស ចំពោះយុទ្ធនាការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា ពាក់ព័ន្ធនឹង Online Scams ដែលប្រទេសជាច្រើន បានពាក់ព័ន្ធ តែកម្ពុជារងគ្រោះជាងគេ។

សម្តេចធិបតី មានប្រសាសន៍បន្តថា មានកាសែតបរទេសមួយចំនួនបាន ផ្សព្វផ្សាយធ្វើឱ្យកម្ពុជា ខូចកេរ្ដិ៍ឈ្មោះរឿងការឆបោកប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីកម្ពុជាបានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកប្រព័ន្ធបច្ចេកវិទ្យា

សម្តេចធិបតីបន្ថែមថា បន្ទាប់មានការរិះគន់ រាជរដ្ឋាភិបាលបានប្ដេជ្ញាវះកាត់ការឆបោកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកិត្ដិយសប្រទេសកម្ពុជា។

សម្តេចធិបតីសង្កត់ធ្ងន់ថា ក្នុងយុទ្ធនាការបង្ក្រាបយ៉ាងសកម្មរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រកបដោយលទ្ធផលល្អ កម្ពុជាត្រូវបានទទួលការកោតសរសើរ ពីមិត្តភក្តិបរទេសលើ Online Scams នេះ រហូតបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើការងារ បង្ក្រាបOnline Scams ថែមទៀតផង៕

To Top