ក្រសួងការងារ ៖ ខេត្តស្ថិតក្នុងតំបន់ទំនាប កណ្ដាលចំនួន ៣មានឱកាសការងារជិត ៩ពាន់កន្លែង កំពុងរង់ចាំអតីតពលករ ត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៩២៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់ មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិតប័ណ្ណការងារ របស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទង មកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារ ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕












