Feature

កម្ពុជា និងក្រូអាស៊ី បន្តធ្វើការរួមគ្នា ដើម្បីដោះស្រាយផលវិបាក បង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

ភ្នំពេញ ៖ កម្ពុជា និងក្រូអាស៊ី មានសាមគ្គីភាពក្នុងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកបង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី ក្នុងអំឡុងពេលនៃការចូលរួមវេទិកាDubrovnik 2026ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “យុគសម័យពហុប៉ូល៖ ទិសដៅច្រើន អនាគតតែមួយ (The Age of Multipolarity: Many Directions, One Future)”។

លោកបណ្ឌិត លី ធុជ បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនក្រូអាស៊ី ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរក្រូអាស៊ីចំពោះការធ្វើជាម្ចាស់ផ្ទះនៃវេទិកា Dubrovnik 2026 ដោយជោគជ័យ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផលជាទីកត់សម្គាល់របស់ប្រទេសក្រូអាស៊ី ក្នុងការអភិវឌ្ឍជាតិចាប់តាំងពីទទួលបានឯករាជ្យរបស់ខ្លួន និងតួនាទីរបស់ក្រូអាស៊ីនៅក្នុងសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ។

លោក ក៏បានអបអរសាទរក្រូអាស៊ី ដែលសម្រេចបានគោលដៅប្រទេសគ្មានមីន កាលពីខែមីនា ឆ្នាំ២០២៦ កន្លងមក និងសម្តែងការទទួលស្គាល់ភាពឈានមុខរបស់ក្រូអាស៊ីក្នុងសកម្មភាពមីនមនុស្សធម៌ និងការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រូអាស៊ី ចំពោះការអនុវត្តអនុសញ្ញាអូតាវ៉ា និងសកម្មភាពមីនសកល។

ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ និងលោក Gordan GrlićRadman បានបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ី បន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមានការទូត ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ កិច្ចការ មនុស្សធម៌ និងសកម្មភាព មីន។

លោកបណ្ឌិត លី ធុជ បាន គូសបញ្ជាក់ថា «កម្ពុជា និងក្រូអាស៊ី មានសាមគ្គីភាពក្នុងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើមូលដ្ឋានច្បាប់ និងបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកបង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ លោក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនា យន្តការទ្វេភាគីដែលមានស្រាប់ និងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ លោក ក៏បានអំពាវនាវដល់ប្រទេសក្រូអាស៊ី សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ៕

To Top