រដ្ឋមន្ត្រី ហួត ហាក់ ៖ ខេត្តកំពង់ស្ពឺ សម្បូរដោយព្រៃភ្នំ វាលស្មៅដ៏ស្រស់ស្អាត ទេសភាពធម្មជាតិ ជាកត្តាអំណោយផល ដល់ការអភិវឌ្ឍតំបន់សក្តានុពល ទេសចរណ៍ធំៗ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច ជាកត្តាអំណោយផល ដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ ។

ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដែលកសាងដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយកក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី ដោយចំណាយថវិកា ផ្ទាល់ខ្លួនប្រមាណ ១,២២ លានដុល្លារអាម៉េរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាង ដែលបានលេចជារូបរាងពេញលេញ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ ជូនចំពោះលោក លោកស្រីទាំងអស់ ដែលមានវត្តមានជក្នុងពិធីសម្ពោធនេះផងដែរ ។


ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា សួរ វីរៈ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន ក្នុងការកសាងផ្លូវមួយខ្សែនេះឡើង តួយ៉ាងអ្នកឧកញ៉ា ក៏តែងតែបានផ្តល់ នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ព្រមទាំងចូលរួម យ៉ាងសកម្មជាមួយ មហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នាពេលកន្លងមក ក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេស ចរណ៍នៅកម្ពុជា ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ, គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រ មានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច, និងក៏ជាខេត្តមានភាពល្បីល្បាញ ខាងការផលិតស្ករត្នោត អំពៅ និង ស្រាផងដែរ ដែលទាំងអស់នេះ គឺជាកត្តាអំណោយផល ដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្តដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និង តំបន់គោលដៅទេសចរណ៍ថ្មីៗ ៕















