រដ្ឋមន្ត្រីវៀតណាម គាំទ្រក្រសួងមហាផ្ទៃកម្ពុជា ផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា
ភ្នំពេញ ៖ គំនិតផ្ដួចផ្ដើមរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបានលោក ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់។
គំនិតផ្ដួចផ្ដើម និងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស លោក ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខានៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពលរដ្ឋឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាបង្កលក្ខណៈ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ឆ្លៀតពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាបន្ថែមទៀត ក្នុងឱកាសក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ដោយមានជំនឿយ៉ាងមុតមាំថា យន្តការនេះនឹងលេចចេញជារូបរាង ហើយចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការប្រកបដោយមិត្តភាព សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។
ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីបទពិសោធ និងលទ្ធផល នៃការអនុវត្តយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ ដោយបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ អនុវត្តឱ្យបានសម្រេចជោគជ័យ តាមស្មារតីនៃជំនួបពិភាក្សា និងការឯកភាពគ្នា របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕
