Feature

រដ្ឋមន្ដ្រីឧស្សាហកម្ម ៖ អនុលោមភាពផលិតផល ជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា អនុលោមភាពផលិតផល គឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។

ការលើកឡើងរបស់ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ឱកាសអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ច ប្រមាណ ២.០០០ នាក់ ក្នុងគោលបំណងលើកកម្ពស់ភាព ប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រៀបចំដោយ ក្រសួងឧស្សាហកម្ម សហការជាមួយ សមាគមសហព័ន្ធវិនិយោគកម្ពុជា។

ថ្លែងក្នុងយុទ្ធនាការ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានរំលេចពីសារសំខាន់ នៃការត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាព ប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍។

លោករដ្ឋមន្ត្រី បានលើកឡើងថា «សូមម្ចាស់ សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែ ជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និងនវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព»

លោករដ្ឋមន្ត្រី បានធ្វើបទបង្ហាញ អំពីការលើកទឹកចិត្ត ការគាំទ្ររបស់រាជរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសាធារណៈរបស់ក្រសួង ចាប់តាំងពីការបង្កើតសហគ្រាស និងការដំណើរការអាជីវកម្មប្រកបដោយភាពប្រកួតប្រជែង ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

សូមបញ្ជាក់ថា យុទ្ធនាការនេះ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែង របស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕

To Top