Feature

ក្រសួងធនធានទឹក ៖ សំដីរបស់រដ្ឋមន្រ្តី ថោ ជេដ្ឋា មិនសំដៅដល់អ្នកព័ត៌មាន មានវិជ្ជាជីវៈទេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបកស្រាយចំពោះពាក្យសំដីរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក ដែលបាននិយាយពាក់ព័ន្ធទៅដល់ក្រុមអ្នកកាសែត កាលពីពេលថ្មីនោះគឺមិនសំដៅទៅលើក្រុមអ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវនោះទេ ។
កាលពីពេលថ្មីៗនេះ លោក ថោ ជេដ្ឋា បានប្រើប្រាស់ពាក្យសំដីថា “ពួកកាសែត” ដែលលោកសំដីទៅដល់ការផ្សព្វផ្សាយ ព័ត៌មានពាក់ព័ន្ធនឹងសំណើរមួយចំនួននៅម្តុំខេត្តកំពង់ចាម ។

ករណីនេះ ក្រសួងធនធានទឹកតាមរយៈសេចក្តីបំភ្លឺព័ត៌មានបានលើកឡើងថា ពាក់ព័ន្ធនឹងប្រសាសន៍លើកឡើងរបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្នុងឃ្លីបវីដេអូដែលមានរយៈពេលប្រមាណ ២នាទី នាឱកាសចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ក្នុងខេត្តកំពង់ចាម ដែលបណ្តាញ សារព័ត៌មាន បានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នោះគឺក្រសួងតែងតែផ្តល់ នូវកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយបណ្តាញ សារព័ត៌មាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីដោះស្រាយករណីមានការសង្ស័យ អំពើ ល្មើស ឬបទល្មើសនានាពាក់ព័ន្ធនឹងវិស័យធនធានទឹកនៅតាមមូលដ្ឋាន ។

សេចក្តីបំភ្លឺបន្តថា ប្រសាសន៍របស់រដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គឺមិនបានដាក់បន្ទុកទៅ លើអ្នកសារព័ត៌មាន ដែលអនុវត្តការងារស្រប តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។

ដោយរដ្ឋមន្ត្រីសំដៅ តែលើអ្នកសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយដោយពុំបានធ្វើការវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្លាភាព ជាពិសេសទៅតាមទីតាំងការដ្ឋានដែលម្ចាស់សំណើបាន ស្នើសុំការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ហើយបានលើកស្លាកកផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមុខការដ្ឋាន៕

To Top