ក្រុមប្រឹក្សាធម្មនុញ្ញ ប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង តម្កល់នៅគ្រប់រាជធានី-ខេត្ត
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លងទៅដល់អភិបាលរាជធានី-ខេត្ត ដើម្បីតម្កល់នៅរាជធានី-ខេត្តទាំង២៥ ទុកជាមង្គលវត្ថុសម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតី មន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតក បេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ ប្រពៃណី ។

លោកថា សរុបសេចក្តីមក ការកសាងនីតិបូជនីយដ្ឋាន ពោលគឺវិមានរដ្ឋធម្មនុញ្ញ , ការបង្កើតនីតិគារវប្បវេណី ពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញ និងការកសាងមង្គលវត្ថុ ពោលគឺស្តម្ភរដ្ឋធម្មនុញ្ញចម្លងតម្កល់នៅរាជធានី-ខេត្ត ។ ទាំងអស់នេះ ពិតជាស្តែងឱ្យឃើញ នូវការគោរពលើកតម្កើងស្នាដៃរបស់បុព្វបុរស និងជាមោទនភាពជាតិក្នុងការសម្រេចបានសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់។
ដើម្បីជួយសម្រួលដល់សាលារាជធានី និងគ្រប់ខេត្ត រៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញឱ្យកាន់តែល្អប្រសើររុងរឿង និងដើម្បីចម្លងនូវទស្សនាទាននៃការកសាងវិមានរដ្ឋធម្មនុញ្ញបានជ្រាបដល់រាជធានី និងគ្រប់ខេត្តផងនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យបណ្ឌិតស្ថាបត្យករ លី រស្មី ជាស្ថាបត្យករដឹកនាំដំណើរការកសាងវិមានរដ្ឋធម្មនុញ្ញ ធ្វើការចម្លងពីស្តម្ភរដ្ឋធម្មនុញ្ញដើម ដោយសិតពីសំរឹទ្ធសុទ្ធ មានទំហំអង្កត់ផ្ចិតបាតប្រវែង១៧សង់ទីម៉ែត្រ កម្ពស់៣៦សង់ទីម៉ែត្រ។

សូមបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញគំរូដើមដែលក្រុមប្រឹក្សាធម្មនុញ្ញបានចាត់ចម្លងនេះ គឺជាគារវវត្ថុមួយដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញ ។ បច្ចុប្បន្នត្រូវបានប្រតិស្ឋាននៅចំមណ្ឌលកណ្តាលនៃខេមរសន្តិមូលសាលនៃវិមានរដ្ឋធម្មនុញ្ញ។ ស្តម្ភរដ្ឋធម្មនុញ្ញនេះ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក , ឯកោ , បញ្ចប់ , សមាហរណកម្ម , អភិវឌ្ឍន៍ និងតំណាងដោយព្យព្ជានៈខ្មែរ គឺ “ប-ឯ-ប-ស”៕
