លោក ឃួន ផុនរតនៈ ចូលរួមវេទិកាសន្និសីទ ក្រុមប្រឹក្សានគរបាលរដ្ឋ-រាជធានីអន្តរជាតិ នៅសេអ៊ូល
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានអញ្ជើញចូលរួមវេទិកាសន្និសីទ ក្រុមប្រឹក្សានគរបាលរដ្ឋ /រាជធានីអន្តរជាតិឆ្នាំ២០២៦ លើកទី១រៀបចំដោយលោក Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល នៅទីក្រុងសេអ៊ូល ។

វេទិកាសន្និសីទនេះ មានការចូលរួមពីប្រតិភូនគរបាលនៃប្រទេសចំនួន៧ រួមមាន ៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម និងហូឡង់ ព្រមទាំងអង្គការដៃគូអន្តរជាតិពាក់ព័ន្ធ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើកកម្ពស់សន្តិសុខសាធារណៈ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល បានបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស ការចែករំលែកជំនាញ និងការបណ្តុះបណ្តាលលើការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានេះផងដែរ ភាគីកូរ៉េក៏បានស្នើឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) លើកទី២ ផងដែរ៕







