K០១ ត្រូវបានឃាត់ខ្លួន អនុវត្តតាមផ្លូវច្បាប់
ភ្នំពេញ ៖ ក្រោយមានការសួរនាំអស់ រយៈពេលមួយព្រឹកនៅព្រឹកថ្ងៃ៣០ មិថុនា បុគ្គល ឈ្មោះ ឃឿន សុឡា ហៅ K០១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន ។

បើតាមការផ្សព្វផ្សាយ របស់ស្នងការនគរបាលរាជធានីភ្នំពេញ នាមុននេះបន្តិចបានរៀបរាប់ថា តាមការកោះហៅរបស់មន្រ្តី នគរបាលយុត្តិធម៌ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ ឃឿន សុឡា ហៅ K០១ ប្រកបមុខរបរ លើសេវាកម្មលក់អចលនទ្រព្យ និងលក់រថយន្ត បច្ចុប្បន្នរស់នៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រើប្រាស់ហិង្សាលើយុវជនម្នាក់ ដោយមិនស្តាប់បង្គាប់ខ្លួន ឲ្យលុតជង្គង់សុំទោសម្តាយបង្កើតរបស់យុវជននោះ ដែលរឹងរុសមិនស្តាប់បង្គាប់ម្តាយ ដោយម្តាយចង់ឲ្យយុវជននេះ មកស្នាក់នៅធ្វើការងារនៅកន្លែងរបស់ខ្លួន (K០១) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។
ស្នងការបន្តថា ករណីហិង្សានេះ មានការបង្ហោះផ្សព្វផ្សាយ តាមបណ្តាញសង្គម ដែលនាំឲ្យមានការរិះគន់ជាខ្លាំងពីអ្នកលេងបណ្តាញសង្គម ចំពោះទង្វើហិង្សារបស់បុគ្គល K០១ ក្រោយពីសមត្ថកិច្ចបានសាកសួរបុគ្គល K០១ រួចរាល់ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បុគ្គល K០១ ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី៕
