សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ។

ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ច សហប្រតិបត្តិការដ៏ល្អ រវាងក្រសួងសន្តិសុខសាធារណៈឡាវ, ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។ លោករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងលោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានជម្រាបជូនសម្ដេចធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា , ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងបានគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នេះ។ សម្ដេចធិបតី ក៏បានរំលឹកអំពីចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា-ឡាវ-វៀតណាម ដោយសម្ដេចធិបតីបានលើកឡើង ពីការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ក្នុងឆ្នាំ២០២៦ នេះ និងការត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២៧ ខាងមុខនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងលោករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងលោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា នៅក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខនៃប្រទេសទាំង៣ ជាពិសេសការជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង៣ ក៏ដូចជាការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជំរុញឱ្យបង្កើនការផ្លាស់ប្តូរ និងរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងស្រទាប់យុវជននៃប្រទេសទាំង៣៕


