Feature

សម្ដេចធិបតី ជំរុញអាជ្ញាធរជាប់ព្រំដែន វៀតណាម-ឡាវ បន្ដប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអាជ្ញាធរជាប់ព្រំដែន វៀតណាម និងឡាវ បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន។

ការជំរុញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងលោករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងលោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃប្រទេសទាំង៣ ជាពិសេសការជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក៏ដូចជាការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ៕

To Top