សាលាអន្តរជាតិ ខេ ស៊ី អ៊ី រៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សា ជូនសិស្សានុសិស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ សាលាអន្តរជាតិ ខេ ស៊ី អ៊ី KCE International School បានរៀបចំកម្មវិធីប្រគល់ វិញ្ញាបនបត្របញ្ចប់ការ សិក្សាជូនដល់សិស្សានុសិស្សថ្នាក់ទី៩ ថ្នាក់ទី៦ និងថ្នាក់មត្តេយ្យសិក្សា ប្រកបដោយភាពឡូឡារបស់ខ្លួន។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

កម្មវិធីប្រគល់វិញ្ញាបនបត្រនេះ មិនត្រឹមតែជាការឆ្លុះ បញ្ចាំងពីការខិតខំប្រឹងប្រែង សិក្សារបស់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ក្នុងឆ្នាំសិក្សាកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយបង្ហាញពីស្តង់ដារ និងគុណភាពអប់រំដ៏រឹងមាំរបស់សាលាអន្តរជាតិ ខេ ស៊ី អ៊ី ផងដែរ។
វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាកម្លាំងចិត្ត និងជាមោទនភាពយ៉ាងធំធេងសម្រាប់សាលា ក៏ដូចជាក្រុមគ្រួសាររបស់សិស្សានុសិស្សទាំងអស់។

សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តំណាងសាលាអន្តរជាតិ ខេ ស៊ី អ៊ី បានសម្តែងនូវក្តីរំភើបរីករាយ និងកិត្តិយសជាអនេក ដោយបានបញ្ជាក់ថា សាលាអន្តរជាតិ ខេ ស៊ី អុី សូមសម្ដែងនូវកិត្តិយស និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បណ្ឌិតសភាចារ្យ លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយស មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម និងធ្វើឱ្យកម្មវិធីដ៏មានអត្ថន័យនេះប្រព្រឹត្តទៅដោយភាពរលូន ជោគជ័យ និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អប្រសើរមិនអាចបំភ្លេចបាន។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រំភើបញាប់ញ័រ និងពោរពេញដោយស្នាមញញឹម មោទនភាពពីសំណាក់អាណាព្យាបាលគ្រប់រូប ដែលបានឃើញកូនៗរបស់ខ្លួនបោះជំហានទៅរកភាពជោគជ័យថ្មីមួយកម្រិតទៀតនៅក្នុងឆាកជីវិតសិក្សា។

