អភិបាលខេត្តតាកែវ ណែនាំមន្រ្តីក្រោមឱវាទបើកចិត្តឲ្យទូលាយ ទទួលយកការរិះគន់ ដើម្បីកែលម្អចំណុចខ្វះខាត
តាកែវ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ «មតិយើង» នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៦ អភិបាល ខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវបើកចិត្តឲ្យទូលាយក្នុងការទទួលយកមតិរិះគន់ សំដៅធ្វើយ៉ាងណាកែលម្អ ចំណុចខ្វះខាត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត។

លោកអភិបាលខេត្តតាកែវ បន្តថា ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ តាមបណ្ដាញសង្គមក្នុងន័យស្ថាបនា គឺអាជ្ញាធខេត្ត និងមន្រ្តីពាក់ព័ន្ធទទួលយកដោយ គ្មានទោមនស្សអ្វីនោះទេ និងបានចាត់ទុកថា ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយ ការទទួលខុសត្រូវថែមទៀតផង ក៏ប៉ុន្តែការរិះគន់បែបជេប្រមាថអាជ្ញាធ មិនអាចទទួលយកបានទេ ព្រោះជាបទល្មើស ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានស្នើឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ និងអាជ្ញាធមូលដ្ឋានត្រូវជំរុញ និងណែនាំពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាពិសេសប្រជាពលរដ្ឋចេះប្រើប្រាស់បានស្ទាត់ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើការវាយតម្លៃពីការផ្ដល់សេវាសាធារណៈ ការដាក់ពាក្យបណ្ដឹង និងស្នើសុំដំណោះស្រាយផ្សេងៗពីអាជ្ញាធរមូលដ្ឋានដោយភាពសម្ងាត់ និងរហ័សទាន់ចិត្តថែមទៀតផង៕



