Feature

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង

ស្វាយរៀង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។

ទិវាមច្ឆជាតិ ១កក្កដា ត្រូវបានប្រារព្ធឡើង ដោយផ្អែកលើអនុក្រឹត្យលេខ ៩៦អនក្រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ស្តីពីការបង្កើតទិវាមច្ឆជាតិ ដែលកំណត់យកថ្ងៃទី១ ខែកក្កដា រៀងរាល់ឆ្នាំ។

គោលបំណង នៃទិវាមច្ឆជាតិ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតី ឱ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចូលរួមអភិរក្សនិងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។

ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុង ដែនទឹកធម្មជាតិ។

ទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ឆ្នាំ២០២៦នេះ នឹងលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុប ២០ប្រភេទ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីកាហែ ត្រីឆ្អិន ត្រីគ្រំ ត្រីត្រសក់ ត្រីកន្ត្រប់ខ្លា ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីសណ្តាយ ត្រីអណ្តែង ត្រីព្រលូង កង្កែប បង្កង អន្ទង់ អណ្ដើក កន្ធាយ សរុបប្រមាណ ១,៥លានក្បាល៕

To Top