ក្រសួងមហាផ្ទៃ ដាក់ឱ្យអនុវត្តយន្តការ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ជូនពលរដ្ឋខ្មែរ ចំណាកស្រុក
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តយន្តការ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ។
បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ, ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋខ្មែរទូទៅថា «ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នឹង ដាក់ឱ្យអនុវត្តយន្តការផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន»។
ក្រសួង បន្ដថា មានន័យថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។
ក្រសួង ក៏បានឧទាហរណ៍ ថា «ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍ នៅខេត្តរតនគិរី ហើយបានទៅប្រកបការងារនៅ ខេត្តព្រៃវែង អាចស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន»៕
