សម្តេចធិបតី ៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីន
ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិត ប្រូតេអ៊ីនរបស់ជាតិ ។
ការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។
សម្តេចធិបតី បានរំលឹកថា ការប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ជាងរៀងរាល់ឆ្នាំ ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតី ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារនិងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រងថែរក្សា ការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ ។
ក្នុងនោះសម្តេច បញ្ជាក់ថា ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងបន្តពូជ និងធំធាត់ នៅរដូវទឹកឡើង ដែលជាប្រភពអាហារចំបងរបស់ប្រជាពលរដ្ឋ ជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់ របស់ប្រជានេសាទ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិគឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និងអាចរក្សាទុកបាន ។ មច្ឆជាតិជាអាហារសហគមន៍ ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសាធាតុ” ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានកំណត់យក កាអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន គឺជាបញ្ញកោណទី៤ នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដែលមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាមុំទី៣ ។
ជាក់ស្តែងសម្រាប់វិស័យកសិកម្មជារួម រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ ការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដីព្រៃឈើ និងជលផល ប្រកបដោយចីរភាព៕
