គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ កម្មវិធី TVET 1.5M បានទាក់ទាញយុវជនជាង ១៧ ម៉ឺននាក់ឲ្យចុះឈ្មោះរៀនជំនាញបច្ចេកទេស
ភ្នំពេញ ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល មានអ្នកស្នើសុំចុះឈ្មោះចូលរៀនប្រមាណជាង ១៧ម៉ឺននាក់ ខណៈនៅក្នុងចំណោមនោះ មានប្រមាណ ១០ម៉ឺននាក់ កំពុងសិក្សា ឬបានបញ្ចប់ការសិក្សាដោយជោគជ័យ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា៖ «កំណើននៃការចុះឈ្មោះចូលរៀន បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះកម្មវិធីបណ្ដុះបណ្ដាលជំនាញរបស់រាជរដ្ឋាភិបាល ដែលជួយឱ្យយុវជនបង្កើនជំនាញ និងពង្រីកឱកាសទទួលបានការងារ ព្រមទាំងបង្កើនប្រាក់ចំណូល។ លើសពីនេះ នឹងជំរុញការចាប់អារម្មណ៍របស់យុវជនលើការបណ្ដុះបណ្ដាលជំនាញ និងការត្រៀមខ្លួនចូលទីផ្សារការងារ»។

លោកបន្តថា កត្ដាសំខាន់មួយដែលធ្វើឱ្យកម្មវិធីនេះទទួលបានការគាំទ្រខ្លាំង គឺការរៀបចំម៉ោងសិក្សាប្រកបដោយភាពបត់បែន ដែលអនុញ្ញាតឱ្យអ្នកសិក្សាអាចជ្រើសរើសពេលវេលាសិក្សាស្របតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន ដូចជាអ្នកដែលកំពុងធ្វើការ ឬមានកាតព្វកិច្ចគ្រួសារ ជាពិសេសផ្ដល់អត្ថប្រយោជន៍ក្នុងរយៈវែងដល់យុវជន និងអ្នកសិក្សាជំនាញ។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យយុវជនដែលមានបំណងចង់អភិវឌ្ឍជំនាញ និងបង្កើនឱកាសការងារ ចូលរួមចុះឈ្មោះសិក្សាក្នុងកម្មវិធី TVET 1.5M ដើម្បីទទួលបានជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងបង្កើនឱកាសទទួលបានការងារសមរម្យបន្ទាប់ពីបញ្ចប់ការសិក្សា។

កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនកម្មវិធីនេះ មិនត្រឹមតែឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ខែ ទៀតផង។

រីឯយុវជនមកពីគ្រួសារទូទៅ ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ ប៉ុន្ដែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ ៕

